មួយ​រយៈពេល​មក​នេះ បណ្ដា​អ្នក​ប្រើ​កម្មវិធី Firefox ជា​ច្រើន​សុទ្ធតែ​បាន​ត្អូញត្អែរ​ពី​រឿង Firefox ​ប្រើ​ចេះ​តែ​គាំង​ ​ចេញ​ឃ្លា “Not Respond” នៅ​លើ​របារ Firefox ដោយ​តម្រូវ​ឱ្យ​រង់​ចាំ​មួយ​ស្របក់ ឬ​គាំង​ជាប់។ ភាគ​ច្រើន​នៅ​ពេល​បើក​កម្មវិធី​​ដំបូង​តែង​ចេញ​ឃ្លា “Not Respond” នេះ​តែ​ម្ដង ទាល់តែ​រង់ចាំ​ពេល​មួយ​ស្របក​ទើប​ដំណើរការ។ អ្នក​ខ្លះ​បាន​សាកល្បង​លុប Firefox រួច​ដំឡើង​ម្ដង​ទៀត តែ​បាន​លទ្ធផល​សោះ។ ខ្លះ​ប្រើ​គាំង​យូរៗ​ម្ដង។ ដោយ​សារ​បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​អ្នក​ប្រើ​យ៉ាង​ច្រើន​មាន​ការ​ធុញទ្រាន់​រហូត​លែង​ចង់​បើក Browser នេះ​ទៀត​ផង។
ដូច្នេះ​ទំព័រ​នេះ Sabay សូម​លើក​យក​វិធីសាស្ត្រ​មួយ​ចំនួន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​​នេះ​ ​ដូច​ខាង​ក្រោម៖


វិធីសាស្ត្រ​ទី១៖
- ចូល​ទៅ Help នៅ​លើ Firefox រួច​យក Troubleshooting Information (បញ្ជាក់៖ ដើម្បី​ឱ្យ Firefox បង្ហាញ​ម៉ឺនុយ Help ត្រូវ​ចុច​លើ Key “Alt”)
- ចុច​លើ​ប៊ូតុង “Reset Firefox” បន្ទាប់​មក​នឹង​ចេញ​ផ្ទាំង​ថ្មី​តម្រូវ​ឱ្យ​អ្នក​ចុច​លើ​ប៊ូតុង Reset Firefox រង់​ចាំ​បន្តិច​នោះ​នឹង​ចេញ​ផ្ទាំង​ថ្មី​មួយ​ទៀត ដោយ​ចុច​លើ​ប៊ូតុង Finish ដើម្បី​បញ្ចប់
- កម្មវិធី Firefox នឹង​បិទ ហើយ reset ដូច​ថ្មី​ឡើង​វិញ
វិធីសាស្ត្រ​ទី២៖
- សាកល្បង​បិទ​ការ​ពន្លឿន​ក្រាហ្វិក hardware (graphics hardware acceleration)។ លក្ខណៈ​ពិសេស​នេះ​បាន​បន្ថែម​លើ Firefox មក​ជា​ស្រេច ពេលខ្លះ​ក៏​អាច​ធ្វើ​ឱ្យ Firefox ដំណើរការ​មិន​ទៀងទាត់​ផង​ដែរ។ ដើម្បី​បិទ​សូម​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម៖
- ចុច​លើ​ប៊ូតុង Firefox ពណ៌​លឿង​ដែល​នៅ​ផ្នែក​ខាង​ឆ្វេង​ខាង​លើ រួច​ចុច​លើ​ប៊ូតុង Options
- ចូល​ទៅ Advance tab រួច ដក​ធីក​លើ​ឃ្លា “Use hardware acceleration when available” ហើយ​ចុច​លើ OK និង Restart កម្មវិធី Firefox ជា​ការ​ស្រេច
វិធីសាស្ត្រ​ទី៣៖
បើ​មិន​ទាន់​ដោះស្រាយ​បាន​ទៀត អ្នក​អាច​សាកល្បង​តាម​វិធីសាស្ត្រ​ខាង​ក្រោម៖
- នៅ​ពេល​បើក​ដំណើរការ Firefox សូម​បើ Windows Task Manager ដោយ​ចុច​លើ Key (Ctrl + Shift + Eas) រួច​ចូល​ទៅ Process tab រក​មើល​និង​ចុច​ស្ដាំ mouse លើ firefox.exe រើស​យក​ឃ្លា Set Affinity… រួច​ដក​ធីក​លើ CPU 1 ហើយ​ចុច OK ជា​ការ​ស្រេច។
នៅ ​មាន​ចំណុច​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​អាច​ជា​ហេតុ​ធ្វើ​ឱ្យ Firefox មាន​បញ្ហា​ផង​ដែរ ដូច្នេះ​អ្នក​អាច​មើល​ឡើង​វិញ​ត្រង់​ការ update Software ដូច​ជា​ update លើ កម្មវិធី Firefox, update លើ plugins, update Windows, update driver, Internet Security software, ស្កេន​រក​មេរោគ​តាម​កម្មវិធី​កម្ចាត់​មេរោគ​ដែល​មាន​ប្រសិទ្ធភាព, ឆែក​មើល​បញ្ហា hardware, ឆែក​បញ្ហា RAM ឬ​ចូល​ទៅ​មើល Help ដើម្បី​ដោះស្រាយ​ជា​ដើម៕

សាក​ល្បង​អនុវត្ត​ទៅ​មើល៍ បាន​ផល​ឬ​អត់​?

​ដោយ៖ ឈុន ហួរ