Breaking News
Loading...
Thursday, June 26, 2014

Info Post
មុន​នឹង​សម្រេច​ទិញ​កុំព្យូទ័រ​យួរ​ដៃ (Laptop) ប្រាកដ​ជា​មិត្ត​អ្នក​អាន​យល់​ថា ​ទិញ​ដើម្បី​ងាយស្រួល​យក​តាម​ខ្លួន ព្រោះ​អាច​បើក​ប្រើ​បាន​គ្រប់​ទីកន្លែង​ក្នុង​រយៈពេល​ពីរ​​ទៅ​បី​ម៉ោង​។ យ៉ាងណា រាល់​កុំព្យូទ័រ​ថ្មី​ដែល​ទើប​ប្រើ​ដំបូង ​កាន់​ថ្ម​បាន​យូរ​គួរសម​ដែរ តែ​នៅ​ពេល​ប្រើ​យូរៗទៅ ថ្ម​ក៏​ចេះ​តែ​ប្រើ​ឆាប់​អស់​លែង​កាន់​ទៅៗ។ តើ​នេះ​បណ្ដាល​មក​ពី​មូលហេតុ​អ្វី? ចុះ​ប្រសិន​ចង់​ឱ្យ​ថ្ម​ប្រើ​យូរ​ហើយ តែ​នៅ​តែ​កាន់​បាន​យូរ តើ​ត្រូវ​ធ្វើ​ដូចម្ដេច?

ខាង​ក្រោម​នេះ​គឺ​ជា ​គន្លឹះ​ដ៏​សាមញ្ញ​ចំនួន ១៣ចំណុច​ជួយ​ឱ្យ​ថ្ម Laptop របស់​អ្នក​កាន់​បាន​​​យូរ​​ប្រកប​ដោយ​ប្រសិទ្ធភាព។ ​

១) កំណត់​ទម្រង់​ថ្ម​ជា Power saver៖ ក្នុង​ទម្រង់​ថ្ម​នេះ គឺ​ត្រូវ​បាន​កំណត់​រួច​ជា​ស្រេច​ជួយ​សន្សំសំចៃ​ថ្ម Laptop បាន​មួយ​កម្រិត។

២) បិទ​ការ​ប្រើប្រាស់​ឧបករណ៍​ភ្ជាប់ (Device) ឌីស (CD ឬ DVD) និង រន្ធ​តំណភ្ជាប់ (Port) ប្រសិន​មិន​ចាំបាច់ ឬ​អស់​ការ​ចាំបាច់ ដើម្បី​ជៀសវាង​តម្រូវការ​ថាមពល​ខ្លាំង​ដែល​នាំឱ្យ​ថ្ម​ឆាប់​អស់។


៣) បិទ​តំណភ្ជាប់ (Wireless, Bluetooth)៖ bluetooth នៅ​លើ laptop ហាក់​មិន​សូវ​មាន​តម្រូវការ​ប្រើ​ខ្លាំង​នោះ​ទេ។ អ្នក​ប្រើ​មួយ​ចំនួន​បាន​បើក (enable) ចោល​ដោយ​មិន​បាន​ចាប់​អារម្មណ៍។ បើ​លែង​ប្រើ​ហើយ​គួរ​បិទ​ដើម្បី​សន្សំសំចៃ​ថ្ម។ ចំណែក wireless ក៏​ដូច​គ្នា​ដែរ ប្រសិន​មិន​ត្រូវ​ការ​ភ្ជាប់ WiFi ប្រើ​អ៊ីនធឺណិត​ទេ គួរ​បិទ។

៤) ធ្វើ​ការ Defrag លើ hard drive៖ Defrag គឺ​ជា​ការ​តម្រៀប​ឯកសារ (file) ទាំងអស់​នៅ​លើ​ថាស​ផ្ទុក​ទិន្នន័យ (Hard Dirve) ឱ្យ​មាន​សណ្ដាប់​ធ្នាប់​ទៅ​តាម​ប្លុក (blog) និង​ប្រភេទ file ដែល​ស្ថិត​នៅ​ក្នុង sector នីមួយៗ។ ធ្វើ​ដូច្នេះ​គឺ​ដើម្បី​ងាយស្រួល​ស្វែងរក (search) រក​អ្វី​មួយ​បាន​លឿន ព្រោះ​មិន​ថា​កម្មវិធី ឬ​ប្រព័ន្ធ​ប្រតិបត្តិការ​នោះ​ទេ ដើម្បី​ដំណើរការ​បាន​គឺ​ត្រូវ​ទៅ​ស្វែងរក file គាំទ្រ​បន្ថែម​ឱ្យ​កម្មវិធី ឬ Operating System ដើម្បី​អាច​ប្រព្រឹត្តិ​ទៅ​បាន។

ជា​រឿង​ធម្មតា​ទេ លើ Hard Disk តែង​មាន​ការ Copy ចូល​ក៏​តែង​មាន​ការ Delete ផង​ដែរ។ ការ​លុប​ទៅ​វិញ​នោះ​ហើយ ដែល​ធ្វើ​ឱ្យ sector ដែល​ផ្ទុក​នៅ​សល់​ចន្លោះ​ទំនេរ​ទើប​ធ្វើ​ឱ្យ blog រក្សា​ទិន្នន័យ​មាន​ចន្លោះ​ទំនេរ ហើយ​ទម្រាំ Windows ឬ​កម្មវិធី​ទៅ​ស្វែងរក​ឃើញ​ចប់​សព្វគ្រប់​គឺ​ត្រូវ​ចំណាយ​ពេល​យូរ ដែល​ជា​ហេតុ​មួយ​ធ្វើ​ឱ្យ​មាន​ការ​ចំណាយ​ថាមពល​ថ្ម​ច្រើន។

(ចំណាំ៖ នៅ​ពេល Defrage សូម​ដោត Plug Adapter ដើម្បី​កុំ​ឱ្យ​វា​ទាញ​ថាមពល​ពី​ថ្ម​ខ្លាំង​នាំ​ឱ្យ​ឆាប់​ខូច)។

៥) បិទ​កុំព្យូទ័រ​ដោយ​ប្រើ Shut down ឬ hibernate ល្អ​ជាង​ការ​ប្រើ standby ឬ Sleep៖
ការ​ប្រើ Standby ឬ Sleep នៅ​ពេល​ទុក Laptop ចោល​នោះ ផ្នែក​រឹង (Hardware) មួយ​ចំនួន​ធំ​គឺ​នៅ​តែ​ដំណើរការ ដោយឡែក​ប្រើ Hibernate ជា​ជម្រើស​ល្អ​ជាង​ព្រោះ​អាច​បិទ​ដំណើរការ​បាន។ នេះ​ក៏​ជា​វិធីសាស្ត្រ​ល្អ​មួយ​ជួយ​ឱ្យ​ថ្ម​ប្រើ​បាន​យូរ និង​ជៀសវាង​ឆាប់​ខូច​ថ្ម ឬ​អាច​ឈាន​ដល់​ប៉ះពាល់ Hardware ដទៃ​ទៀត។

៦) កំណត់​លើ Settings ផ្សេងៗ​ដូច​ជា​ទម្លាក់ resolution របស់​អេក្រង់ បន្ថយ​ពន្លឺ ការ​កំណត់​រូប Background និង​គ្រប់គ្រង​សំឡេង (Speaker)៖
ប្រសិន​អេក្រង់ Laptop ប្រភេទ OLED មិន​ត្រូវ​ប្រើ​រូប background ពណ៌​ស ព្រោះ​ធ្វើ​ឱ្យ​ថ្ម​ឆាប់​អស់។ ​យក​​ល្អ​គួរ​ប្រើ​រូប blank ល្អ​ជាង និង​ចេះ​គ្រប់គ្រង​សំឡេង​កុំព្យូទ័រ​ល្មម​ប្រើ ជៀសវាង​បើក​ឮ​ខ្លាំងៗ ក៏​អាច​នាំ​ឱ្យ​ស៊ី​ថ្ម​ឥត​ប្រយោជន៍​ដែរ។ រី​ឯ​ពន្លឺ ទោះបី​មិន​ទម្លាក់​ដើម្បី​ឱ្យ​ស៊ី​ថាមពល​ថ្ម​តិច ក៏​គួរ​គិតគូរ​ពី​សុខភាព​ភ្នែក​ដែរ ព្រោះ​ថា ពន្លឺ​ខ្លាំង​ពេក​អាច​ប៉ះពាល់​ដល់​ភ្នែក។

នៅ​មាន​កម្រិត resolution អេក្រង់​ផង​ដែរ ត្រង់​នេះ​គួរ​ទម្លាក់​ល្មម​ប្រើ​ក្នុង​ការងារ​សាមញ្ញ​បាន​ហើយ ដើម្បី​កុំ​ឱ្យ​ចំណាយ​ថាមពល​ថ្ម​ច្រើន​ពេក។ គួរ​កំណត់​ឱ្យ​ចាប់​ពី 1366x768px ចុះ​ក្រោម។

៧) បិទ​កម្មវិធី (App) និង​ដំណើរការ​កម្មវិធី (Process) ដែល​មិន​ចាំបាច់៖
សង្កេត​មើល​កម្មវិធី​ដែល​មិន​ប្រើ ប្រសិន​បើក ឬ​បើក​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​ដំណើរការ​កុំព្យូទ័រ​ដំបូង​នោះ សូម​បិទ​ចោល​ទាំង​អស់​ដើម្បី​សន្សំសំចៃ​ថ្ម។ លើក​ឧទាហរណ៍ កម្មវិធី Skype និង​កម្មវិធី Yahoo Messenger ដែល​ដំណើរការ​ស្វ័យប្រវត្តិ ដូច្នេះ​គួរ​បិទ​ដំណើរការ (process) ដោយ​ចូល​ទៅ disable តាម Run រួច​វាយ “msconfig” (សម្រាប់ Windows 7) ហើយ​ចូល​ទៅ “Startup” tab និង​រក​មើល process របស់​ឈ្មោះ​កម្មវិធី​ណា​មួយ​ដែល​ចង់​បិទ​ដោយ​ដក​ធីក​ជា​ការ​ស្រេច។

៨) ជៀសវាង​បើក​ប្រើ​កម្មវិធី​ច្រើន​ក្នុង​ពេល​តែមួយ​ប្រសិន​មិន​ចាំបាច់៖
ទោះ​រវល់​ការងារ​យ៉ាងណា ហើយ​អ្នក​បើក​កម្មវិធី​ច្រើន​ប៉ុណ្ណា​ក៏​នៅ​តែ​មិន​អាច​បំពេញ​ក្នុង​ពេល​តែ​ មួយ​ដែរ។ ដូច្នេះ​គួរ​ធ្វើ​តាម​លំដាប់ ដោយ​បើក​កម្មវិធី​ប្រើ​ម្ដង​មួយ ឬ​ពីរ ត្រឹម​បី​កម្មវិធី​យ៉ាង​ច្រើន។ ជៀសវាង​មួយ​ទៀត គឺ​លេង​ហ្គេម​មួយ​ភ្លែត មក​ធ្វើ​ការ​មួយ​ភ្លែត​ដែល​ធ្វើ​ឱ្យ​ក្រាហ្វិក​ដំណើរការ​ខ្លាំង​ឆាប់​ខូច មិន​ត្រឹមតែ​ថ្ម។

៩) ជៀសវាង​ប្រើ​កុំព្យូទ័រ​រហូត​ឡើង​កម្ដៅ​ខ្លាំង​ពេក (អាច​ប្រើ​កង្ហារ​ទ្រាប់​ពី​ក្រោម)៖
ថ្ម Laptop គឺ​កើត​ចេញ​ពី​មូលដ្ឋាន​គីមី​សាស្ត្រ ប្រសិន​បើ​វា​ឡើង​កម្ដៅ​ខ្លាំង​នឹង​ធ្វើ​ឱ្យ​ថ្ម​ឆាប់​ដូច ហើម ប៉ោង ឬ​អាច​ផ្ទុះ​ប្រសិន​ប្រើ​កុំព្យូទ័រ​ហួស​សមត្ថភាព​រយៈពេល​យូរ ខណៈ​ពេល​ដែល​ការ​សាក​ថ្ម​ជាប់​រហូត។ ក្នុង​នោះ​សីតុណ្ហភាព​បរិស្ថាន​ជុំវិញ​ក៏​មិន​គួរ​មើល​រំលង​ដែរ ហើយ​ប្រសិន​ចង់​រក្សា​សីតុណ្ហភាព​បាន​យូរ​គួរ​ប្រើ​កូន​កង្ហារ​ទ្រាប់​បាត Laptop។

១០) មិន​ត្រូវ​ប្រើ Laptop ដោយ​ដាក់​នៅ​លើ​ខ្នើយ ភួយ ឬ​ផ្ទៃរាប​ទន់​ផ្សេងៗ​នោះ​ទេ ព្រោះ​កុំព្យូទ័រ​មិន​អាច​បញ្ចេញ​កម្ដៅ​មក​ក្រៅ​បាន៖
ជា​រឿង​ត្រូវ​ជៀសវាង​មួយ ព្រោះ​វា​នឹង​ប៉ះពាល់​មិន​ត្រឹមតែ​ថ្ម​ឆាប់​ខូច តែ​ផ្នែក​រឹង (hardware) ទាំង​ស្រុង​ក៏​នឹង​ឆាប់​ខូច​ដែរ។

១១) ធ្វើ​តំហែ​ទាំ​លើ​ថ្ម៖ តំហែទាំ​ត្រង់​នេះ​ចង់​និយាយ​អំពី​ការ​ចេះ​វិធីសាស្ត្រ​សាក​ថ្ម Laptop បាន​ត្រឹមត្រូវ។ អ្នក​ប្រើ​ភាគច្រើន​មិន​បាន​យក​ចិត្ត​ទុកដាក់​ចំណុច​នេះ​ឡើយ។ គេ​សាក​ថ្ម​មិន​បាន​ពេញ ក៏​ដក​យក​មក​ប្រើ ឬ​ពេល​ខ្លះ​សាក​បណ្ដើរ​ប្រើ​បណ្ដើរ​ដែល​នាំ​ឱ្យ​ថ្ម​ឆាប់​ខូច លែង​កាន់​ដូច​កាល​ពី​ពេល​ទើប​ទិញ​ដំបូង។ មិន​ខុស​ពី​ការ​សាក​ថ្ម​លើ​ទូរស័ព្ទ​ទេ ការ​បើក​សាក​ថ្ម​ពេញ​ហើយ ត្រូវ​ដក​ចេញ មិន​ត្រូវ​ដោត​ជាប់​មួយ​ថ្ងៃ​វាល់​ល្ងាច​ឡើយ។ មិន​តែ​ប៉ុណ្ណោះ ការ​ប្រើ Laptop ក៏​មិន​ត្រូវ​ឱ្យ​អស់​ថ្ម​រហូត​ដល់​រលត់​ទើប​សាក​នោះ​ទេ។

១២) ប្រើ​ថ្ម និង​ឆ្នាំង​សាក​ថ្ម​ចល័ត​ជា​ជំនួយ៖
យក Laptop ចេញ​ទៅ​ប្រើ​នៅ​ខាង​ក្រៅ ពេល​ខ្លះ​គិតគូរ​ពី​មុខមាត់​ដែរ ព្រោះ​ដូច​ជា​មិន​សមរម្យ​ប៉ុន្មាន​នោះ​ទេ ​ក្នុង​ការ​ដែល​យក​ឆ្នាំង​សាក​ចេញ​មក​សាក​ថ្ម​ទី​សាធារណៈ ឬ​ក្នុង​ហាង។ គាប់​ជូន​ពេល​ខ្លះ​ក៏​ខ្វះ​រន្ធ​ព្រី​ភ្លើង​ទៅ​ទៀត។ ដូច្នេះ ប្រសិន​មាន​ថ្ម​មួយ​គ្រាប់​ផ្សេង​ទៀត ឬ​ឆ្នាំង​សាក​ថ្ម​ចល័ត​គឺ​រឹតតែ​ប្រសើរ។

១៣) ពេល​ទិញ Laptop គួរ​ជ្រើសរើស​យក​ថ្ម 8-cell និង​សាកសួរ​អ្នក​លក់​ពីរ​រយៈពេល​កាន់​ថ្ម និង​ការ​ធានា​ឱ្យ​បាន​ច្បាស់លាស់៖
នេះ​ជា​កម្រិត​ថាមពល​ថ្ម ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ស្ដាយ​ក្រោយ​នៅ​ពេល​ក្រោយ ប្រសិន​ជ្រើសរើស​ខុស។ ថ្ម​ខ្លះ​មាន 6-cell ប៉ុន្តែ​ប្រើ​កាន់​បាន​គ្រាន់​បើ តែ​ក៏​មិន​ទាំង​ស្រុង​នោះ​ដែរ។ ដោយឡែក​ប្រសិន​កម្រិត 8-cell អាច​ទុក​ចិត្ត​បាន​ច្រើន៕

0 comments: