Breaking News
Loading...
Saturday, June 21, 2014

Info Post
ដោយសារ​តម្រូវការ​ប្រើ​ស្មាតហ្វូន​កាន់​តែ​ខ្លាំង ហើយ​ស៊េរី​ថ្មីៗ​​ក៏​ចេះ​តែ​ចេញ​ឥត​ឈប់ មិត្ត​អ្នកអាន​​មួយ​ចំនួន​ប្រហែល​មាន​បំណង​ដូរ​ស៊េរី​ពី​មួយ​ទៅ​មួយ ដោយ​សារ​គិត​ថា​ ទូរស័ព្ទ​ខ្លួន​ស៊េរី​ចាស់។



តែ​ទោះ​ជា​ស៊េរី​ចាស់​ ឬ​ថ្មី​​យ៉ាងណា​ក៏ដោយ ក៏​ត្រូវ​ថែទាំ​ដែរ ដើម្បី​ប្រើ​បាន​យូរ​ដើម្បី​​កាត់​បន្ថយ​ការ​ចំណាយ​លើ​ថ្លៃ​ជួសជុល ហើយ​ក្នុង​នោះ​ថ្ម​ឆាប់​ហើមប៉ោង ខូច ឬ​ផ្ទុះ​ ​​គឺ​ជា​បញ្ហា​កំពុង​ប្រឈម​លើ​គ្រប់​ស៊េរី​ទូរស័ព្ទ​តែ​ម្ដង។ បើ​និយាយ​ពី​ថ្ម​នៅ​លើ​ស្មាតហ្វូន Samsung និង Apple ដែល​ភាគច្រើន​ប្រភេទ lithium-ion យ៉ាង​ហោចប្រើ​បាន​រយៈពេល​ពី ៣ ទៅ ៥ឆ្នាំ តែ​ប្រសិន​អ្នក​មិន​ចេះ​ថែមទាំ​ទេ វាអាច​នឹង​​ឆាប់ខូច​។

ដូច្នេះ​ទំព័រ​នេះ​យើង​សូម​លើក​យក​ពី​តំណម​ទាំង ៥​ដែល​អ្នក​ប្រើ​ស្មាតហ្វូន​មិន​ត្រូវ​ធ្វើ ព្រោះ​អាច​ធ្វើ​ឱ្យ​ឆ្នាំង​សាក ថ្ម ព្រម​ទាំង​​ទូរស័ព្ទ​ឆាប់​ខូច​បាន។

១) ការ​ប្រើ​ឆ្នាំង​សាក​មិន​មែន​របស់​សុទ្ធ​ (Original) ពី​ក្រុមហ៊ុន នឹង​ធ្វើ​ឱ្យ​ថ្ម​ឆាប់​ខូច៖
មិត្ត​អ្នកអាន​សុទ្ធតែ​បាន​យល់​ដឹង​អំពី​ចំណុច​នេះ​ហើយ ការ​អះអាង​ខាង​លើ គឺ​សំដៅ​លើ​គុណភាព​ផលិត​តែ​ម្ដង។ ឆ្នាំង​សាក​មិន​មែន​របស់​ក្រុមហ៊ុន​ផលិត​ផ្ទាល់ មាន​តម្លៃ​ធូរ​ថ្លៃ តែ​អន់​គុណភាព នៅ​ពេល​អ្នក​ប្រើ​សាក​ថ្ម​ទូរសព្ទ គឺ​អាច​ធ្វើ​ឱ្យ​ទាំង​ឆ្នាំង និង​ទូរស័ព្ទ​ឡើង​កម្ដៅ​ខ្លាំង ដែល​នេះ​អាច​ធ្វើ​ឱ្យ​ធ្វើ​ឆាប់​ហើម​ប៉ោង រហូត​ផ្ទុះ​បង្ក​គ្រោះថ្នាក់​ទៀត។

ផ្អែក​តាម​លទ្ធផល​ធ្វើតេស្ត​របស់​គេហទំព័រ​ពិសោធន៍ Lifehacker បង្ហាញ​ថា ឆ្នាំង​សាក​អាយ មាន​គុណភាព​មិន​ល្អ​ដូច​របស់​ស៊ីន​ពី​ក្រុមហ៊ុន​នោះ​ទេ។

២) មិន​ត្រូវ​ប្រើប្រាស់​ទូរស័ព្ទ​ខណៈពេល​​​កំពុង​សាក​​ថ្ម៖
មាន​លទ្ធផល​គួរ​ឱ្យ​ខ្លាច​ធ្លាប់​កើត​មាន​ពី​មុន​រួច​ហើយ ដែល​អ្នក​និយាយ​ទូរស័ព្ទ​ពេល​កំពុង​សាក​ថ្ម​​បាន​ជួប​គ្រោះថ្នាក់​ឆក់​ និង​ផ្ទុះ​ទូរស័ព្ទ​រង​របួស​យ៉ាង​ដំណំ។ យ៉ាងណា របាយការណ៍​បាន​បង្ហាញ​ថា ហេតុការណ៍​ផ្ទុះ​គឺ​ដោយ​សារ​គេ​ប្រើ​ឆ្នាំង​សាក​អាយ (third-party) អន់​គុណភាព មិនមែន​របស់​ស៊ីន (original) ផលិត​ដោយ​ក្រុមហ៊ុន​ម្ចាស់​ទូរស័ព្ទ។ ដូច្នេះ ត្រូវ​យល់​ដឹង​ចំណុច​នេះ មិន​ត្រូវ​ប្រើ​ទូរស័ព្ទ​ពេល​កំពុង​សាក​ថ្ម ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ។

៣) ការ​ដាក់​ទូរស័ព្ទ​សាក​ថ្ម​មួយ​យប់​ពេញ ក៏​ប៉ះពាល់​ដែរ៖
ស្មាតហ្វូន​របស់​អ្នក​គឺ​មាន​ភាព​ឆ្លាតវៃ នៅ​ពេល​អ្នក​សាក​ថ្ម​ពេញ នោះ​វា​នឹង​បញ្ឈប់​ការ​សាក។ ទោះជា​យ៉ាងណា នេះ​ពុំ​មាន​ន័យ​ថា អ្នក​គួរ​សាក​ថ្ម​ចោល​រាល់​យប់​នោះ​ទេ។ ប្រៀបធៀប​នឹង​ពែង​ទុក​មួយ​អីចឹង ​ប្រសិន​វា​ពេញ​ហើយ តើ​អ្នក​នៅ​តែ​ចាក់​ទឹក​ចូល​ទៀត​ឬ​ទេ? អាយុកាល​ថ្ម​ទូរស័ព្ទ​របស់​អ្នក​នឹង​ថយ​ចុះ​ចន្លោះ​ពី ៤០% ទៅ ៨០% ទោះ​សាក​ថ្ម​ពេញ​តាម​ធម្មតា​ក៏​ដោយ ប្រសិន​អ្នក​នៅ​តែ​បន្ត​ធ្វើ​ដូច្នេះ។

៤) មិន​ចាំបាច់​បិទ​ទូរស័ព្ទ​រាល់​ថ្ងៃ​ទេ តែ​យ៉ាងហោច​ម្ដង​ក្នុង​មួយ​សប្ដាហ៍​បាន​ហើយ៖
ទូរស័ព្ទ​របស់​អ្នក​ប្រៀប​បាន​នឹង​ម៉ាស៊ីន​អីចឹង​ដែរ ដែល​ត្រូវការ​សម្រាក មិន​អាច​បើក​ដំណើរការ​រហូត​នោះ​ទេ ព្រោះ​អាច​បណ្ដាល​ឱ្យ​ឆាប់​ខូច។ អ្នក​ជំនាញ​លើ​ផលិតផល​របស់ Apple បាន​បង្ហាញ​ប្រាប់​អំពី​តិចនិក​ធ្វើ​ឱ្យ​ថ្ម​មាន​អាយុ​កាល​ប្រើ​បាន​យូរ​ បំផុត ដោយ​បិទ​ទូរស័ព្ទ​ពី​ម្ដង​ទៅ​ម្ដង ពិសេស​នៅ​ពេល​អ្នក​ចូល​គេង​យប់​ឡើង។ អ្នក​ជំនាញ​លើកឡើង​ទៀត​ថា មិន​បាន​បិទ​ញឹកញាប់ យ៉ាង​ហោច​ក៏​បិទ​ម្ដង​ក្នុង​មួយ​សប្ដាហ៍​ដែរ ដើម្បី​រក្សា និង​សន្សំសំចៃ​ថ្ម​ទុក​ប្រើ​បាន​មួយ​កម្រិត។ ចំណែក​ទូរស័ព្ទ​ដំណើរការ​ដោយ Android ក៏​ដូច​គ្នា ការ reboot គឺ​អាច​ជួយ​ស្ដារ​ថាមពល​របស់​ថ្ម​បាន។

៥) កុំ​រង់ចាំ​រហូត​ដល់​ទូរស័ព្ទ​រលត់​ទើប​យក​ទៅ​សាក​៖
ថ្ម​ប្រភេទ​លីចូម​អ៊ីយ៉ុង (Lithium-ion) ដែល​ឃើញ​ប្រើ​ភាគច្រើន​នៅ​លើ​ផលិតផល​របស់ Samsung និង Apple មាន​គុណភាព​ល្អ​អាច​សាក​ប្រើ​សាជាថ្មី​បាន តែ​ក៏​មាន​ចំនួន​កំណត់​នៃ​វដ្ដ​សាក​ថ្ម​ដែរ។ តែ​ប្រសិន​ប្រើ​ទូរស័ព្ទ​រហូត​រលត់​ទើប​យក​ទៅ​សាក​ញឹកញយ​ នោះ​អាច​ប៉ះពាល់​ដល់​ថ្ម ធ្វើ​ឱ្យ​ឆាប់​ខូច​មុន​អាយុ បើ​តាម​អ្នក​ជំនាញ​ថា វា​ថែម​ទាំ​អាច​ធ្វើ​ឱ្យ​ទូរស័ព្ទ​បើក​លែង​ចេញ​វិញ​ក៏​មាន៕​

ប្រភព៖ thebnews

0 comments: